ការទស្សនាភាពយន្ដ ឬរឿងភាគតាមប្រព័ន្ធអនឡាញបានក្លាយជាទីពេញនិយមសម្រាប់មនុស្សទូទៅជាពិសេសនៅក្នុងបរិបទនៃការរីករាលដាលនៃជម្ងឺកូវិដ១៩។ បើនិយាយពីសេវាកម្មផ្គត់ផ្គង់ភាពយន្ដតាមប្រព័ន្ធអនឡាញ មានគេហទំព័រ ក៏ដូចជា សេវាកម្មជាច្រើនដូចជា Netflix, Amazon Prime -ល-។
សម្រាប់អ្នកនិយមតាមដានទស្សនាភាពយន្ដ ប្រាកដជាស្គាល់សេវាកម្ម Netflix រួចមកហើយ ដោយវាផ្ដល់ជូនរឿងល្បីៗជាច្រើនតាមរយៈការបង់សេវាប្រចាំខែ ប៉ុន្ដែមនុស្សមួយចំនួនទៀត ដែលមិនចង់បង់សេវាប្រចាំខែទាំងនោះក៏បានប្រើប្រាស់កម្មវិធីផ្សេងមួយចំនួនដើម្បីទស្សនាដោយសេរី ដែលកម្មវិធីទាំងនោះបានបង្កប់មេរោគដើម្បីលួចយកទិន្នន័យ ឬក៏គណនីធនាគារអ្នកជាដើម។
យ៉ាងណាក៏ដោយ នាពេលថ្មីៗនេះ Google បានលុបកម្មវិធីមួយមានឈ្មោះថា FlixOnline ដែលសន្យាផ្ដល់ជូនរឿង Netflix ដោយឥតគិតថ្លៃ ប៉ុន្ដែតាមពិតទៅវាជាកម្មវិធីមេរោគសោះ។

បើយោងតាមក្រុមអ្នកស្រាវជ្រាវ Check Point Research (CPR) បានឲ្យដឹងថា មេរោគមួយនេះអាចចូលទៅ កម្មវិធីផ្ញើសាររបស់អ្នកប្រើប្រាស់ ជាពិសេសកម្មវិធី WhatsApp ដើម្បីប្រើប្រាស់គណនីទាំងនោះ ទៅបោកប្រាស់មនុស្សដទៃទៀត។ ចំណែកឯកម្មវិធីមេរោគខ្លះ អាចធ្វើការលាក់ខ្លួនពីផ្ទាំង Home Screen របស់យើងបាន ដូច្នេះយើងត្រូវចូលទៅកាន់ Setting > Apps & Notifications > ស្វែងរកឈ្មោះកម្មវិធីនោះ > App info ដើម្បីចុចUninstall ចេញតែម្ដង។

ហេតុដូច្នេះហើយ ប្រសិនបើអ្នកធ្លាប់ទាញយកកម្មវិធីនោះ ហើយវានៅមាននៅលើឧបករណ៍Android របស់អ្នក អ៊ីចឹងត្រូវតែឆាប់លុបវាចេញភ្លាម ដើម្បីកុំឲ្យវាបន្ដលួចដាក់មេរោគចូលតទៅទៀត។ ប្រសិនបើចង់ទស្សនារឿង Netflix ដោយមានសុវត្ថិភាពបំផុតនោះ គឺយើងមានតែធ្វើការប្រើប្រាស់សេវាកម្មប្រចាំខែរបស់ពួកគេផ្ទាល់តែប៉ុណ្ណោះ។
ប្រភព៖ lifehacker