ក្នុងបរិបទនៃការរីករាលត្បាតជាសកលនៃជម្ងឺកូវិដ១៩ វាមិនមែនជារឿងចំលែកនោះទេដែលពិភពលោកបានស្គាល់នូវវិបត្តិសេដ្ឋកិច្ច។ ត្រង់ចំនុចនេះ បើនិយាយពីវិស័យឯកជន មានក្រុមហ៊ុនជាច្រើន គឺទទួលបានប្រាក់ចំណូលមិនសូវប្រសើរនោះទេ ពោលគឺមានក្រុមហ៊ុនខ្លះ ចំណូលធ្លាក់ចុះយ៉ាងច្រើនថែមទៀតផង ដែលបណ្ដាលមកពី ការរាតត្បាតពីសំណាក់មេរោគកាចសាហាវCOVID-19 នេះឯង។ ប៉ុន្តែនៅចុងឆ្នាំឃើញថា ក្រុមហ៊ុនមួយចំនួនចាប់ផ្តើមងើបឡើងវិញរហូតមកដល់ដើមឆ្នាំនេះ ពួកគេធ្វើបានកាន់តែប្រសើរ ជាក់ស្ដែងដូច Samsung អញ្ចឹង គេទើបតែបានបង្ហាញពីចំណូលរបស់ខ្លួន ដែលរកបានក្នុងត្រីមាសទី ១ កន្លងទៅថ្មីៗនេះ ដោយក្នុងនោះ គេទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរមួយ។

បើធៀបជាមួយលទ្ធផល ដែលគេធ្លាប់សម្រេចបាន កាលពីត្រីមាសទី 1 ឆ្នាំ 2020 កន្លងទៅSamsung ផ្ទាល់បានឲ្យដឹងថា ក្នុងរយៈពេល 3 ខែដំបូងនៃឆ្នាំ 2021 នេះ គេធ្វើបានប្រសើរមែនទែន ដោយការលក់ផលិតផលសរុបរបស់ខ្លួន គឺមានកំណើនឡើងប្រមាណជា 17.48% រីឯចំនួនប្រាក់ចំណេញរបស់គេវិញ គឺមានការកើនឡើងដល់ទៅខ្ទង់ 44.19% ឯណោះ។

យ៉ាងណាក៏ដោយ បើគិតជាសាច់ប្រាក់វិញ សម្រាប់ការលក់ផលិតផលសរុបចូលគ្នាទៅ ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងនេះ ទទួលបានប្រាក់ចំណូលប្រមាណជាខ្ទង់ 58 ពាន់លានដុល្លារ ខណៈពេលដែលប្រាក់ចំណេញវិញ គឺស្មើនឹងប្រមាណជាជាង 8.3 ពាន់លានដុល្លារថែមទៀតផង។ នៅក្នុងនោះគេក៏បានបញ្ជាក់ប្រាប់ដែរថា ចំណុចសំខាន់ដែលធ្វើឲ្យ លទ្ធផលប្រសើរជាងមុនច្រើនបែបនេះ គឺដោយសារតែទទួលបានជោគជ័យច្រើន ពីការលក់ទូរសព្ទឆ្លាត ជាពិសេសគឺដោយសារតែវត្តមាន Galaxy S21 Series តែម្ដង។
ប្រភព៖ sammobile