កាលពីពេលថ្មីៗនេះ មានចម្ងល់មួយបានចោទឡើងពីស្រទាប់មហាជននៃអ្នកគាំទ្រផលិតផលApple ជុំវិញអនាគតនៃ iPad នាពេលខាងមុខ។ តាមពិតទៅ រឿងមួយនេះមិនមែនកើតឡើងដោយការគិតស្រមោលស្រមៃដោយគ្មានហេតុផលនោះទេ ក៏ព្រោះតែ iPad Pro ឆ្នាំ 2021 បានប្រើប្រាស់បន្ទះឈីប M1 ដូចទៅនឹងកុំព្យូទ័រ MacBook Air ឆ្នាំ 2020 និង MacBook Pro ឆ្នាំ 2020 ទំហំ 13 អ៊ីញ ក៏ដូចជា iMac ឆ្នាំ 2021 ដែលទើបតែបានប្រកាសចេញអញ្ចឹងដែរ។

1194.jpeg
ប្រភព៖ Apple Insider

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះដែរ តាមរយៈបទសម្ភាសន៍ជាមួយភ្នាក់ងារសារព័ត៌មាន The Independent ដែលធ្វើឡើងកាលពីពេលថ្មីៗនេះ លោក Greg Joswiak ត្រូវជាប្រធានផ្នែកទីផ្សារ និង លោក John Ternus ត្រូវជាប្រធានផ្នែក Hardware របស់ Apple បានបញ្ជាក់យ៉ាងច្បាស់ថា ខណៈពេលនេះ ពួកគេមិនមានគម្រោងច្របាច់ iPad និង Mac បញ្ចូលគ្នានោះទេ។ មូលហេតុនោះ ក៏ព្រោះតែ iPad និង Mac គឺជាផលិតផល 2 ផ្សេងគ្នា ហើយ iPad នឹងបន្តដំណើរការដោយ iPadOS ដដែល។ ជាងនេះទៅទៀត ពួកគេក៏មិនមានគម្រោងបង្កើតប្រព័ន្ធប្រតិបត្តិការ macOS សម្រាប់ដំណើរនៅលើ iPad នោះដែរ។

2116.jpeg
ប្រភព៖ Apple insider

បន្ថែមពីនេះ ភ្នាក់ងារសារព័ត៌មាន The Independent ក៏បានសួរទៅកាន់ លោក John Ternus ថា តើមូលហេតុអ្វីបានជាធ្វើឱ្យ Apple សម្រេចចិត្តបំពាក់បន្ទះឈីប M1 នៅលើ iPad Pro ឆ្នាំ 2021 ជំនួសឲ្យការប្រើប្រាស់ឈីប A-series ទៅវិញ? ជាមួយគ្នានោះដែរ លោក John Ternus បានឆ្លើយតបថា iPad Pro តែងតែបំពាក់មកជាមួយឈីបកំពូលរបស់ Apple ហើយខណៈពេលនេះM1 គឺជាបន្ទះឈីបលំដាប់កំពូល។ ថ្វីត្បិតតែ Apple បញ្ជាក់ថា ពួកគេមិនមានគម្រោងច្របាច់iPad និង Mac បញ្ចូលគ្នាពិតមែន ប៉ុន្តែពួកគេក៏មិនបានបដិសេធអំពីគម្រោងនាំយកកម្មវិធីរបស់Mac ទៅដាក់ឲ្យប្រើនៅលើ iPad នោះដែរ។ ហេតុដូច្នេះហើយ យើងនៅតែមានសង្ឃឹមបានឃើញកម្មវិធីធំៗរបស់ Mac ដូចជា Final Cut Pro X, Logic Pro និង Xcode បង្ហាញខ្លួននៅលើ iPad Pro ដដែល។

Facebook48.jpeg
ប្រភព៖ Apple Insider


ប្រភព៖ Apple Insider