ការសិក្សាស្រាវជ្រាវដ៏សំខាន់មួយ បានបង្ហាញឲ្យដឹងថា នៅឆ្នាំ២១០០ខាងមុខ ចំនួនប្រជាជនសរុបនៅទូទាំងសកលលោក នឹងមានចំនួនតែ ៨.៨ពាន់លាននាក់ប៉ុណ្ណោះ ខណៈចំនួនប្រជាជននៃបណ្តាប្រទេសជាង ២០ នឹងមានការថយចុះយ៉ាងហោចណា ស់ ក៏ពាក់កណ្តាលនៃចំនួនប្រជាជនសរុប ដែលពួកគេមាននាបច្ចុប្បន្ននេះដែរ។ ការព្យាករណ៍នេះ គឺផ្ទុយពីអ្វីដែលបានធ្វើកាលពីឆ្នាំ២០១៨ ដែលកាលនោះមានការព្យាករណ៍ថា ប្រជាជនលើផែនដីនឹងកើនដល់ ១១ពាន់លាននាក់នៅឆ្នាំ២១០០។

តាមរយៈទស្សនាវដ្តី Lancet ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបានរាយការណ៍ឲ្យដឹងថា នៅចុងសតវត្សរ៍នេះប្រទេសចំនួន ១៨៣ ក្នុងចំណោមប្រទេសទាំងអស់ ១៩៥ ដែលបានអនុវត្តគោលនយោបាយ រារាំងការហូរចូលនៃជនអន្តោប្រវេសន៍ ចូលទៅក្នុងទឹកដីរបស់ខ្លួននោះ នឹងត្រូវប្រឈមនឹងបញ្ហាធ្លាក់ចុះ នៃចំនួនប្រជាជនដែលចាំបាច់ ដើម្បីរក្សាកម្រិតនៃកំណើនប្រជាជន។ចំណែកឯចំនួនប្រជាជនរបស់បណ្តាប្រទេសជាង ២០ ក្នុងចំណោមនោះ ដែលរួមមានដូចជាប្រទេស ជប៉ុន អេស្ប៉ាញ អ៊ីតាលី ថៃ ព័រទុយហ្គាល់ កូរ៉េខាងត្បូង និងប៉ូឡូញជាដើម នឹងមានការធ្លាក់ចុះយ៉ាងហោចណា ស់ក៏ពាក់កណ្តាលដែរ។ នៅក្នុងរបាយការណ៍ដដែលនេះ ក៏បានគូសបញ្ជាក់ទៀតថា ប្រទេសចិនដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ដែលបច្ចុប្បន្នមានចំនួនប្រជាជនប្រមាណ ១.៤ពាន់លាននាក់នោះ នឹងធ្លាក់ចុះមកត្រឹម ៧៣០លាននាក់នៅក្នុងរយៈពេល ៨០ឆ្នាំខាងមុខ។

ដោយឡែក បណ្តាប្រទេសនៅអនុតំបន់សាហារ៉ាទ្វីបអាហ្វ្រិកឯណោះវិញ ត្រូវបានក្រុមអ្នកស្រាវជ្រាវអន្តរជាតិខាងលើ បានព្យាករណ៍ទុកថា ចំនួនប្រជាជនរបស់ពួកគេ នឹងកើនឡើងជាបីដង ដែលនឹងអាចកើនដល់ប្រមាណ ៣ពាន់លាននាក់ ដោយគ្រាន់តែប្រទេសនីហ្សេរីយ៉ាតែមួយ នឹងមានប្រជានជនប្រមាណ ៨០០លាននាក់ ដែលនឹងក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតលំដាប់ទី ២ នៅលើពិភពលោក តាមពីក្រោយតែប្រទេសឥណ្ឌាតែមួយគត់ដែលនឹងមានចំនួនប្រជាជន ១.១ពាន់លាននាក់ នៅឆ្នាំ២១០០ខាងមុខ។

ជុំវិញលទ្ធផលសិក្សាស្រាវជ្រាវនេះ លោក Christopher Murray ដែលជានាយកនៃវិទ្យាស្ថានវាស់វែងសុខភាព និងវាយតម្លៃរបស់សាកលវិទ្យាល័យវ៉ាស៊ីនតោន បានលើកឡើងថា«ការព្យាករណ៍នេះ គឺជាដំណឹងល្អសម្រាប់បរិស្ថាន ខណៈពេលដែលសម្ពាធនៃប្រព័ន្ធផលិតកម្មចំណីអារហារ ក៏ដូចជាការបញ្ចេញឧស្ម័នពុល នឹងត្រូវបានកាត់បន្ថយ។ ចំណែកឯស្ថានភាពសេដ្ឋកិច្ច នៅតំបន់អនុតំបន់សាហារ៉ា ក៏នឹងល្អប្រសើរឡើងដែរ។ ប៉ុន្តែប្រទេសភាគច្រើននៅក្រៅទ្វីបអាហ្វ្រិក នឹងប្រឈមនឹងបញ្ហាកធ្លាក់ចុះនៃកម្លាំងពលកម្ម និងការផ្លាស់ប្តូរអត្រាកំណើនប្រជាជន ដែលនឹងបង្កផលប៉ះពាល់ជាអវិជ្ជមាន យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច»។
ប្រភព៖ CNA