ការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នកគឺមិនមែនភាពងាយស្រួលនោះទេ។ យើងជាច្រើនតែងជួបបញ្ហាក្នុងការរៀបចំថវិកាប្រចាំខែ ជាពិសេសពេលទើបតែបើកប្រាក់ខែហើយ។ ប៉ុន្តែថ្ងៃនេះ QooBuzz សូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ពីយុទ្ធសាស្ត្រចាយលុខ ៥០-៣០-២០ ដែលជាយុទ្ធសាស្រ្តដែលងាយស្រួលយល់ ហើយក៏កាន់តែសាមញ្ញក្នុងការអនុវត្តផងដែរ។

ប្រភព៖ intuit mint

 

ផែនការបែងចែកប្រាក់ចំណូលរបស់អ្នកតាមក្បួន 50-30-20 គួរចែកជាបីប្រភេទធំៗគឺៈ តម្រូវការតំរូវការប្រចាំថ្ងៃ ការសន្សំ និងការវិនិយោគ។ ​

 

៥០% នៃប្រាក់ខែរបស់អ្នកគួរចំណាយលើរបស់ដែលអ្នកត្រូវការ 

នេះរួមបញ្ចូលទាំងការចំណាយសំខាន់ៗរបស់អ្នកដូចជា ការជួលផ្ទះ ការបង់រំលោះផ្ទះ ការចំណាយលើម្ហូបអាហារ ឬឧបករណ៍ប្រើប្រាស់ផ្សេងៗ ការបង់ធានារ៉ាប់រងសុខភាព ការទូទាត់បំណុលនិងការបង់ថ្លៃឡានជាដើម។ ដោយសារវាជាការចំណាយចាំបាច់  អ្នកត្រូវចំណាយច្រើនជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់អ្នក។ អ្នកក៏អាចកាត់បន្ថយការចំណាយ ដើម្បីដាក់ចូលក្នុងកញ្ចប់សន្សំបានខ្លះដែរ។

 

៣០% នៃប្រាក់ខែរបស់អ្នកគួរតែទៅរកអ្វីដែលអ្នកចង់បាន ចង់ធ្វើ និង ចូលចិត្ត

 

នេះរួមបញ្ចូលនូវអ្វីដែលមិនត្រូវបានគេចាត់ទុកថាជាការចំណាយចាំបាច់ ប៉ុន្តែវាជាការចំណាយដែលអ្នកចូលចិត្ត ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អដូចជាការធ្វើដំណើរក្នុងស្រុក ឬក្រៅស្រុក ការទិញសំភារៈកំសាន្តផ្សេងៗដូចជាទូរស័ព្ទទំនើប ហ្គេម ការទៅបរិភោគអាហារនីហាងទំនើបៗ ការទិញឥវ៉ាន់អនឡាញ ឬការចំណាយដើម្បីសប្បាយផ្សេងៗ។

 

២០% នៃប្រាក់ខែរបស់អ្នកគួរតែឆ្ពោះទៅរកការសន្សំ និងការវិនិយោគ

 

នេះរួមបញ្ចូលទាំងការសន្សំលុយនៅផ្ទះ ឬដាក់នៅធនាគារ។ ការសន្សំប្រាក់​ និងការវិនិយោគផ្សេងទៀតនាំឱ្យអ្នកមានគោលបំណងច្បាស់លាស់ និងមានសាច់ប្រាក់គ្រប់គ្រាន់ដើម្បីចំណាយក្នុងការរស់នៅបើមានការចាំបាច់ ឬមានអាសន្តផ្សេងៗ។ អ្នកខ្លះក៏បានស្នើឱ្យបង្កើតការសន្សំបន្ទាន់ (Emergency Fund) របស់អ្នកជាមុនសិន ទើបបន្ទាប់មក អ្នកអាចផ្តោតលើការវិនិយោគរយៈពេលវែង។

ប្រភព៖ CNBC