លោកប្រធានាធិបតីអាមេរិកបានប្រកាសកាលពីពេលថ្មីៗកន្លងមកនេះនូវគោលដៅរបស់ខ្លួនក្នុងការប្រកួតប្រជែងជាមួយចិន លើទីផ្សារយានយន្តអគ្គិសនីជាមួយនឹងការពង្រីកគម្រោងវិនិយោគផ្សេងៗ។ នេះបើតាមការផ្សាយរបស់ AFP។

នូវក្នុងសុន្ទរកថានោះដែរ លោកបានលើកឡើងថា "លោកស្ថិតក្នុងចំណោមប្រភេទមនុស្សដែលស្រឡាញ់រថយន្ត"។ លោកបានអះអាងយ៉ាងដូច្នេះពីក្រុង Dearborn រដ្ឋ Michigan ដោយបញ្ជាក់ពីការខិតខំប្រឹងប្រែង ដើម្បីឲ្យទីផ្សាររថយន្តអគ្គិសនីអាមេរិក កាន់តែទូលំទូលាយ និងអាចប្រកួតប្រជែងជាមួយចិន។ នាពិធីមួយនៅមជ្ឈមណ្ឌលយានយន្ត Ford Rouge Electric Vehicle Center លោកប្រធានាធិបតីអាមេរិកបានលើកឡើងថា ការពង្រីកទីផ្សាររថយន្តអគ្គិសនីក៏ត្រូវគិតផងដែរទាក់ទងនឹងការផលិតអាគុយដែលអាចផលិតផ្ទាល់នៅទឹកដីអាមេរិក ឬផ្អែកលើប្រទេសដទៃ។

លើសពីនេះទៅទៀត តាមរយះរដ្ឋបាលលោកប្រធាននាធិបតីរូបនេះ គម្រោង American Jobs Plan ជាគម្រោងដែលមានទឹកប្រាក់ប្រមាណ២០០០ពាន់លានដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ គម្រោងនេះ ត្រូវរង់ចាំការអនុម័តពីសភាជាមុនសិន។ ក្នុងគម្រោងនេះ ក៏មានការលើកឡើងទាក់ទងនឹងការសាងសង់បណ្តាញជាតិមួយ ដោយបំពាក់ស្ថានីយ៍បញ្ចូលអគ្គិសនីឲ្យបាន ៥០០០០០កន្លែងមុនឆ្នាំ២០៣០ ដែលទាំងអស់នេះហើយបានបង្ហាញពីមហិច្ឆតាយ៉ាងធំរបស់អាមេរិកចំពោះចក្ខុវិស័យយ៉ាងវិជ្ជមាន នៃអនាគតរថយន្ដអគ្គិសនីនៅក្នុងទីផ្សាររបស់ខ្លួន។

ជាចុងក្រោយ ក្នុងសន្ទរកថារបស់ខ្លួន លោក ចូ បៃឌិន ក៏បានរិះគន់ប្រធានាធិបតីចាស់ លោក ដូណាល់ ត្រាំ ផងដែរដោយលោកថា គូប្រជែងពីគណបក្សសាធារណរដ្ឋ មិនបានធ្វើអ្វីធំដុំនោះឡើយទាក់ទងនឹងឧស្សាហកម្មយានយន្តក្នុងអាណិត្តខ្លួន៤ឆ្នាំកន្លងមក។
ប្រភព៖ AFP